Wednesday, September 01, 2010

ប្រមូលភាសិតខ្មែរ




• កកក៏បាយ មេម៉ាយក៏ស្រី។

• ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។

• ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។

• ក្រពើវង្វេងបឹង។

• កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។

• កាប់បំពងរង់ចាំទឹកភ្លៀង។

• ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។

• ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។(ព្រះធម្មវរោត្តម តុង ឈួន)

• ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿងពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។

• ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។

• ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។

• កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។

• កោសមិនដាក់ទឹក។

• ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។

• ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។

• កំភ្លាញព្រោះមាត់ខ្វែក ស្លាប់ព្រោះអាចម៏។

• កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។

• កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។

• កុំគូរមុនគិត។

• កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។

• កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។

• កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។

• កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម)

• កុំដាំស្រូវនៅផ្លូវដំរី។

• កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។

• កុំទុំមុនស្រគាល។

• កុំផ្ទុកតាមទូកថ្វែ។

• កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។

• កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។

• កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។

• កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។

• កុំរាយមុខដឹង កុំទទឹងមុខសឹក។

• កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។

• កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។

• កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។



• ខ្ពស់កប់ពពក ចុះមកជ្រកអាចម៏ជន្លេន។

• ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។

• ខឹងខុសខឹងខាតខឹងខូច។

• ខឹងខុសខូចខាត ប្រមាថលិចលង់។

• ខឹងគោវាយរទេះ។

• ខឹងឲ្យអត់ ខ្សត់ឲ្យរក។

• ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោចិ ខុសខាតខូចដោយមិនគិត។

• ខ្លួនរស់ របស់រកបាន។

• ខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃវាហ៊ាន។

• ខំរកស៊ីធ្វើការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់ហោចគង់គ្រប់ស៊ីមិនសុំគេ។ ប្រសិនមានសំណាង បានកសាងពីបុព្វេ ផ្សំផងមិនលេងទេ ឡើងជាកុដុម្ពិក៏សេដ្ឋី។



• គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជិវិត។

• គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ។

• គុកនិងសោគឺចោរបង្កើត ឪសថល្អឆើតកើតពីរោគ ដំណកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។

• គ្រូកាចសិស្សខូច។

• គ្រូទាយម្តាយថា។

• គួរគិតជិវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្តីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចាកកូនចៅ។

• គោដំបៅខ្នង ក្អែកហើររំលងរសាយកន្ទុយ។



• ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។

• ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។

• ឃ្លាតឆ្ងាយណាយចិត្ត។

• ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។

• ឃុបឃិតជនពាលរាលទុក្ខដល់ខ្លួន។

• ឃុបឃិតបណ្ឌិត សុខមួយជិវិតឥតទុក្ខា។

• ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។

• ឃើញគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ។

• ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ(កុំអាលដាក់គូថលើ)។

• ឃើញដំរីជុះ កុំជុះតាមដំរី ឬ(ដំរីជុះ កុំជុះតាមដំរី)។

• ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។

• ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។

• ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។

• ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក។

• ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។

• ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (រឿងអាខ្វាក់អាខ្វិន)

• ឃ្លោកលិច អម្បែងអណ្តែត។

• ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។

• ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។

• ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។

• ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។

• ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។





• ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។

• ងប់នឹងញាតិឃ្លាតច្បាប់។

• ងប់នឹងមាសប្រាក់ខូចយសសក្តា។

• ងប់នឹងប្រុសខូចព្រហ្មចារី។

• ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។

• ងប់នឹងស្រីចំណីទុក្ខ។

• ងប់នឹងល្បែងតែងហិនហោច។

• ងប់នឹងល្បែងតែងវិនាស។

• ងប់នឹងស្រាខូចស្មារតី។

• ងប់នឹងពាក្យសរសើរគេថាភ្លើ។

• ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត។

• ងប់នឹងស័ក្តិយសស្អុយទាំងអស់ក្នុងលោកិយ។

• ងប់នឹងជំនឿរឿគំនិត។

• ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមអោយពរ។

• ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។

• ងាប់គំនិត ងងឹតដល់ស្លាប់។

• ងាប់ទាំងរស់ ស្អុយទាំងស្រស់។

• ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។

• ងាប់នឹងស្រី ចង្រៃមួយជាតិ។

• ងាប់នឹងសំដី ដូចត្រីកំភ្លាញ។

• ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។

• ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។

• ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។

• ងាប់នយោបាយ ព្រោះស្តាយលាភ។

• ងាប់ស្តួក ដូចឃ្លោកទុំ។

• ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។

• ងើយ(ឬ ងើប)ស្កក ឪនដាក់គ្រាប់។



• ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។

• ចង់ចេះឲ្យធ្វើល្ងង់។

• ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។

• ច្របាច់កចិន លៀនអណ្តាតខែ្មរ។

• ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។

• ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។

• ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។

• ចាក់អង្ករយកអង្កាម។

• ចានមួយរាវ លែងអីរណ្តំគ្នា។

• ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។

• ចាញ់បានជាព្រះ ឈ្នះបានជាមារ។

• ចាប់ក្ដាមដាក់ចង្អេរ។

• ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។

• ចាប់ច្រវាក្រាក សំឡឹងជ្រោយ។

• ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។

• ចាប់វល្លិមួយ រញ្ជួយរាល់ដើម។

• ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។

• ចិត្តល្អ ក្រខ្លួន។

• ចិត្តល្អ ក្រមិនយូរ។

• ចិត្តជាទេវវត្ត មាត់ជាទេវតា។

• ចិញ្ចឹមកូនខ្លា វាសងគុណ។

• ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។

• ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។

• ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។

• ចូរមើលកាលវែង កុំមើលកាលខ្លី។

• ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។

• ចេះដប់មិនស្មើប្រសប់មួយ។

• ចេះឯង ឲ្យក្រែងចេះគេ។

• ចេះពីរៀន មានពីរក ក្រពីខ្ជិល។

• ចេះមកពីរៀន មានមកពីរក។

• ចំណេះបានពីរៀន មានបានមកពីរក។

• ចំណីឆ្ងាញ់កុំទុកស្អែក។

• ចុះទឹកក្រពើ ឡើងលើខ្លា។



• ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។

• ឆ្ងាយកាយ ណាយចិត្ត។

• ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។

• ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។

• ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។

• ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។

• ឆ្កែខាំកុំខាំឆ្កែវិញ។

• ឆែ្កទាល់ច្រក រលកទាល់ច្រាំង។

• ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។

• ឆ្នាំងណាគ្របនឹង។

• ឆ្លុះកញ្ចក់ ធេ្មចនេត្រា។



• ជក់នឹងលែ្បង តែងវិនាស។

• ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។

• ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។

• ជាងទងស៊ីរងកំបែក ជាងដែកស៊ីហែកនឹងដៃ។

• ជាងមិនកើតបន្ទោសដែក។

• ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។

• ជ្រាយរអៀច ដូចបបរឈ្មោល។

• ជ្រូកស្លាប់ ព្រោះសាច់។

• ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។

• ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។

• ជ្រើមដូចមហាត។

• ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។

• ជ្រៅដូច ក្តិតចាន។

• ជ្រៅតែមាត់ គំនិតរាក់កំផែល។

• ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។

• ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។



• ឈាមស្រែកស្បែកហៅ។

• ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។

• ឈឺជើងធាត់ ឈឺមាត់ស្គម។

• ឈើពុក កុំដាក់គូថលើ។

• ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។

• ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។

• ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។

• ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។



• ញ៉ាមដូចក្តាម ស៊ីអាចម៍។

• ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។

• ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។

• ញៀននឹងស្រីចំណីទុក្ខ។

• ញៀននឹងលែ្បងតែងហិនហោច។

• ញៀននឹងបៀប៉ោ អស់ខោអស់អាវ។

• ញៀននឹងបៀ គឃៀរស្លៀកពាង។

• ញៀននឹងលាភ ថោកទាបដូចសត្វ។

• ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។

• ញៀននឹងលែ្បងតែងបង់យស។



• ដល់ត្រើយ សើយគូថ។

• ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។

• ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។

• ដឹកគោញី បន្សីគោលឈ្មោល។

• ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។

• ដឹងរង្គោះ បោះបណ្តោយ។

• ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។

• ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។

• ដុតឲ្យខ្លោច រោចឲ្យឆៅ។

• ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។

• ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។

• ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។

• ដូចក្រពើ វងេ្វងបឹង។

• ដួលត្មោល ដូចគ្មានអីទប់។

• ដួលមិនបាច់ច្រាន បានមិនបាច់ខំ។

• ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។

• ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។

• ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។

• ដើរឲ្យមានបី ស្រដីឲ្យមានបួន។

• ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។

• ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌‌នដល់ប្រាណ។

• ដេកមិនលក់កុំខំដេក។

• ដេកដល់ថៃ្ង នាំចង្រៃខ្លួន។

• ដេកផ្ងាស្តោះលើទ្រូងឯង។

• ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។

• ដេកយប់ កុំនិយាយនឹងស្រី។

• ដេកទាល់ថៃ្ង យកកំជិលដែលគេ។

• ដេកមិនលក់ បក់មិនល្អើយ។

• ដេកផ្សំដួល រមួលផ្សំគ្រេច។

• ដេញទាន់កុំជាន់កែង។

• ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។

• ដៃភ្លើងជើងមាន់។

• ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។

• ដាំជើងក្រាន មិនប្រមាណឆ្នាំង។

• ដំរីខ្វាក់ ទ្រមាក់ឆ្កួត។

• ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។

• ដំរីសាស្លាប់ យកចង្អេរបាំង។

• ដំបៅមិនឈឺ យកឈើទៅចាក់។

• ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។

• ដោះកនែ្ទក អារឹសកូន។



• ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។



• ឌមជនគឺអ្នកថោក អាចប្រែក្លាយភាពជាខ្ពង់ខ្ពស់ ដោយការសេពគប់នឹងសប្បុរស ដង្កូវបានខ្ពស់ព្រោះបុប្ផា។



• ឍាលិនប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ ដូចអ្នកចេះដឹងមិនខ្លាចរា ឧបស័គ្គនានាការពារបាន។ ខែលនិងអាវុធគឺវិជ្ជា នៃប្រុសនិងនារីគ្រប់ប្រាណ ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ។



• ណាយកាយ ឆ្ងាយចិត្ត។

• ណែនាំខុសផ្លូវ តែងទៅអបាយមុខ។

• ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។



• តសំពៅ មិនត្រូវស្តាយដែក។

• តវាសនា ឲ្យខំសន្សំបុណ្យ។

• តដងរែក ឲ្យល្មមនឹងស្មា។

• តកម្លាំងអោយសេពអាហារ។

• តក់ៗពេញបំពង់។

• តមមេស៊ីពង ស៊ីរងសម្បុក។

• ត្រង់ មិនឈ្នះទាល់។

• ត្រីឆ្តោរស៊ីកូនឯង។

• ត្រីងៀត ឆ្លៀតពង។

• ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។

• តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។

• តឹងព្អឹះដូចអូសឫស្សីច្រាសចុង។

• ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។

• ត្រកូលសជាតិ មាយាទសពូជ។

• ត្រួសត្រាយទុក ស្រណុកជាងកែកុន។

• ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។

• តៀ្រមទុកមុន មិនស្កុនការ។

• ត្រេកអរមុន ទុក្ខក្រោយ។



• ថយយស ព្រោះព្រហើន។

• ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។

• ថោកអីនៅដៃថៃ្លអីនៅមាត់។



• ទម្ពក់វាទៅ ទើបព្នៅវាមក។

• ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។

• ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។

• ទនេ្លដប់ មិនស្កប់សមុទ្រមួយ។

• ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។

• ទឹកជន់ បុណ្យសេ្តច ។

• ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។

• ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។

• ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។

• ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។

• ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។

• ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។

• ទុកចោលវាចាស់ ប្រើណាស់វាថ្មី។

• ទូកទៅ កំពុងនៅ។

• ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។

• ទូកដាច់យកទូកតាម។

• ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។

• ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។

• ទៅឥតគេរក មកឥតគេហៅ។



• ធ្ងន់នៅថ្ម ក្រនៅក្តី។

• ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។

• ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។

• ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។

• ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។

• ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។

• ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលសន្ដាន។

• ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។

• ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។

• ធ្វើការតិចចាយច្រើនចម្រើនក្រ។

• ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។

• ធុងទទេឮខ្លាំងណាស់។

• ធ្នូបាញ់ធម៏ទន្ទេញស្រ្ដីបង់ភស្ដា។

• ធំតែខ្លួន ដូចឃ្លោក។



• និយាយបាតដៃជាខ្នងដៃ។

• និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។

• និយាយបែកជាអូរ ហូរជាស្ទឹង។

• និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។

• និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។

• នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។

• នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។

• នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។

• នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។

• នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។



• បង់ព្រះទៅសំពះឯបាយាប។

• បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។

• បន់ព្រះ សំពះទេព្តារ។

• បណ្ឌិតមានការមិនរករឿងជាកម្លាំង។

• បញ្ញើទុក ស្មើបំណុល។

• ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។

• ប្រហែសបាត់ ប្រយ័ត្នគង់។

• ប្រមាថម្តាយ រំលាយព្រះ។

• ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។

• ប្រមាថចាស់ អាយុខ្លី។

• ប្រមាត់ដី អួតចង់ឡើងទ្រើង។

• ប្រញាប់ពេកដេកផ្លួវ។

• ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។

• បាតដៃជាខ្នងដៃ។

• បានតែបាប មិនឆ្អាបមាត់។

• បានពីកែ្អក ចែកទៅតាវ៉ៅ។

• បានមាស ក្រអីនឹងក្រដាស់ខ្ចប់។

• បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។

• បា្រក់ក៏បង់ ថង់ក៏ដាច់។

• ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។

• ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។

• បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។

• បុណ្យក៏ធ្វើ ឈើក៏កាប់។

• បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។

• បួសដោយវត្ត ចិត្តដោយខ្លួន។

• បំណាច់នឹងបាប ឲ្យឆ្អាបមាត់។

• បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។

• បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។

• បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។

• បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។

• បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។

• បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។

• បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។

• បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។

• បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។

• បើមិត្តមិនល្អ កុំយកជាមិត្ត។

• បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។

• បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។

• បើកក្តោងទាន់ត្រូវខ្យល់។



• ផឹកស្រាក្លាសំដី។

• ផ្ទុករទេះតាមចំណុះ។

• ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។

• ផ្លស់យស ព្រោះប្រមាថ។

• ផ្ទះធំស្រណុក ដ្បិតភរិយាជា។

• ផ្ទះបាក់បែក ឆាប់ទល់ទ្រ។

• ផោមក្នុងទឹកមេ្តចគង់ស្អុយ។



• ពងមាន់កុំផ្ញើនឹងកែ្អក។

• ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។

• ពាក្យអប្រិយចាញ់អាត្មា។

• ពាក្យច្រើនភូត ចាញ់អាត្មា។

• ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។

• ពាក្យម្តាយ ទំនាយគ្រូ។

• ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។

• ពូជទានៅតែទា ពូជមាន់នៅតែមាន់។

• ពូកែឯង ឲ្យក្រែងពូកែគេ។

• ពួនតែមុខ គូថនៅកណ្តាលវាល។

• ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។

• ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។

• ព្នៅនៅថ្នក់ តម្ពក់នៅដៃ។

• ព្រះមិនសម ព្រហ្មមិនជួយ។

• ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។



• ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។

• ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។

• ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។

• ភូតនៅហោរ ចោរនៅជាង។

• ភ្លើងឆេះមកពីសម្រាម។



• មនុស្សពាលមានការរករឿងជាកម្លាំង។

• មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។

• មនុស្សកុំមើលងាយមនុស្ស។

• មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។

• មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។

• មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។

• មនុស្សស្លាប់ ព្រោះវាចា។

• មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។

• មនុស្សនឹងបា្រក់ យក្សនឹងសាច់។

• មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។

• មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។

• មានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ។

• មានគំនិត ឥតកំណើត។

• មានដំបៅទើបរុយវារោម។

• មាត់តែប្រកែក អម្រែកតែទទួល។



• យកពងមាន់ទៅផ្ញើនឹងក្អែក។

• យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។

• យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក។

• យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។

• យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។



• រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។

• រកស៊ីនិងក្តិត ដូចពឹងពាង។

• រកអុសប្រទះឈើងាប់។

• រស់ក៏គាប់ ងាប់ក៏គួរ។

• រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។

• រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។

• រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។

• រទីសរទាស ដូចរាស្រ្តឥតសេ្តច។

• រលំមិនបាច់ច្រាន បានមិនបាច់ខំ។

• រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។

• រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។

• រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។

• រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។





• លាក់តែមុខ គូទនៅកណ្តាលវាល។

• លិចសឹមលោត ដល់កំប៉ូតសឹមតោង។

• លិចកញ្ជង់ លង់កញ្ជើ។

• លូកប្រហុក លូកឲ្យកប់ក្លៀក។

• លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។

• លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។

• លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។

• លឿនលៃមិនទាន់។

• លេងក្មេងអាប់យស លេងពស់ៗខាំ។

• លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។

• លោភពេក វាបែកពោះ។



• វក់នឹងអាភៀន តែងញៀនជាប់។

• វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។



• ស្រលាញ់កុំទៅញឹក បើរលឹកសឹមទៅម្ដងៗ។

• សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។

• សត្វតុកកែស្លាប់ ដោយសារប្រើស។

• សង់ផ្ទះតាមចិត្តអ្នកនៅ។

• សប្បាយមានទុក្ខ ស្រណុកមានភ័យ។

• សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។

• សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។

• សរសើរតែមាត់ ចិត្តផ្ទន្ទា។

• សាងល្អបានល្អ។

• សាងបាបបានបាប សាងបុណ្យបានបុណ្យ។

• សាបមួយដៃ ប្រៃមួយចឹប។

• ស្លាប់ដូចពស់ រស់ដូចកង្កែប។

• ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។

• សីលជាស្ពាន ទានជាស្បៀង។

• សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។

• សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។

• សំដីជាឯក លេខជាទោ អក្សរជាត្រី។

• ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។

• សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។



• ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។

• ហាហួសចង្កា ថាហួសសេចក្តី។

• ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។



• ឡេះឡោះ ដូចទឹកកន្លះក្អម។



• អន្ទង់វែងឆ្នាំងវែង។

• អ្នកខ្ពស់រស្សាទាប ដោយសុភាពធម៌បុរាណ។

• អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។

• អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។

• អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។

• អាងតែអណ្តាតឆ្អឹង ចេះតែគ្រលាស់ទៅ។

• អាគកណា ក៏ស៊ីស្រូវដែរ។





• ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។



ឯកសារយោង

• សៀវភៅ ប្រមូលភាសិតខ្មែរ ផ្សាយចេញពីសមាគមសម្តេច ជួន ណាត។

No comments:

Post a Comment