Wednesday, September 01, 2010

ទសពិធរាជធម៌

ទសពិធរាជធម៌


អរិយធម៌ខ្មែរ

ទសពិធរាជធម៌ ជាក្រិត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរ ត្រូវតែប្រកាន់ គោរព និងអនុវត្តតាម ដោយហ្មត់ចត់ ខ្ជាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត ។ បើពុំនោះសោតទេ ប្រទេសជាតិ ប្រជានុរាស្ត្រ នឹងជួបប្រទះវិបត្តិ អន្តរាយ សេចក្ដីក្ដៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្គ្រាម ទុក្ខសោកសង្រេង ភ័យព្រួយ ព្រាត់ប្រាសក្រុមគ្រួសារញាតិសន្ដានជាមិនខាន ។ ឯព្រះមហក្សត្រ និងអ្នកដឹកនាំ ក៏មិនអាចគេចផុតយករួចខ្លួនបានដែរ ។

ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ ទសពិធរាជធម៌ គឺច្បាប់ទាំង ១០ ប្រការ ដែលចែងចងបញ្ញត្តិអំពីករណីយកិច្ចរបស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសជាតិខ្មែរ ៖

១ ទាន

ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដោយគ្មានគំនិតគិតកេងប្រវ័ញ្ច ធ្វើប្រជាភិថុតឡើយ ។ គឺមានន័យថា ទាននោះត្រូវមានភាពបរិសទ្ធល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូកនឹងបាបកម្ម ។ បើយើងពោលឲ្យចំទៅ ព្រះមហាក្សត្រ ឬអ្នកដឹកនាំ ត្រូវរៀបចំនគរ ធ្វើដូចម្ដេចចេះចែកចាយ ផ្ដល់ដល់ប្រជាពលរដ្ឋ និងជាតិ នូវលទ្ធភាពគ្រប់គ្រាន់ ដើម្បីជម្រុញឲ្យមានធនធាន មានចំណេះវិជ្ជា អាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នា មានកិត្តិយស និងរុងរឿងថ្កុំថ្កើង ។

២ សីល

ព្រះមហាក្សត្រ ឬអ្នកដឹកនាំ ត្រូវតែប្រកាន់ និងរក្សាឲ្យមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច ។ សីលធម៌នេះ គឺ បញ្ចសីលា ឬ សីល៥ និងព្រហ្មវិហារធម៌ ចំពោះប្រជានុរាស្ត្រ ។ ក្នុងបញ្ចសីលា គេកត់សម្គាល់ឃើញមានៈ ការមិនប្រមាថ ឬសម្លាប់ជីវិត មិនលួចប្លន់ មិនលួចលាក់មានសហាយស្មន់ មិនភូតភរកុហកបោកប្រាស និងមិនភ្លើតភ្លើនបណ្ដោយខ្លួនឲ្យលង់លក់ទៅដោយគ្រឿងស្រវឹង ។ ចំណែក ក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤ គឺៈ មេត្តា ជាការស្រឡាញ់រាប់អាន ដែលមានចំពោះមនុស្សសត្វគ្រប់រូប គ្រប់ប្រភេទ ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសណ្ដោស មុទិតា ដែលជាការត្រេកអរសាទរ នៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយ ចម្រុងចម្រើនក្សេមក្សាន្ត និង ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វ ដោយក្ដីស្មោះស្ម័គ្រ ស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណៈ ឬព័ណ៌សម្បុរ ។

៣ បរិច្ចាគៈ

ព្រះមហាក្សត្រ ឬអ្នកដឹកនាំ ត្រូវយកព្រះរាជទ្រព្យ ឬសម្បត្តិរដ្ឋ ទៅចែកជួយប្រទេសជាតិ ។ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋ ដោយយុត្តិធម៌ត្រឹមត្រូវ ឥតលម្អៀងកេងបន្លំ យកទៅកសាង អភិវឌ្ឍប្រទេសជាតិឲ្យបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាព និងសុភមង្គល ។ វិធីនេះ គឺការបែងចែកភោគផលធនធាននគរ ឲ្យបានទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ដោយគ្មានរើសអើងវណ្ណៈ ។ ពីព្រោះនេះជាសិទ្ធិរបស់ពលរដ្ឋគ្រប់ៗរូប មិនមែនជាអំណោយ ឬជាការសុំទានដូចដែលគេតែងតែយល់ច្រឡំនោះឡើយ ។ ហើយនេះក៏ជាករណីយកិច្ចមួយដ៏ធំ ដែលអ្នកដឹកនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពប្រតិបត្តិធ្វើតាមដែរ ។

៤ អាជ្ជវៈ

គឺការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រ និងអ្នកដឹកនាំត្រូវតែគោរព និងប្រកាន់ខ្ជាប់ខ្លួនជាដាច់ខាត ។ ក្នុងពាក្យទៀងត្រង់ អត្ថន័យមានទំហំធំធេងណាស់ គឺជាប់ជំពាក់ទៅនឹងកាយវាចា ចិត្តរបស់អ្នកដឹកនាំ ។ បើនិយាយឲ្យចំទៅ គឺគេមិនត្រូវក្បត់ប្រជាជន និងប្រទេសជាតិឯង មិនប្រើអំណាចផ្ដាច់ការ មិនអយុត្តិធម៌ មិនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្សពួក និងបរទេស ។

៥ មន្ទវៈ

ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ត្រូវតែរៀបចំឫកពារ អាកប្បកិរិយា ពាក្យសម្ដី ចិត្តគំនិតឲ្យបានទន់ភ្លន់សុភាពរាបសា ល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ ដោយមិនបញ្ចេញអាករៈឫកពារ ច្រងេងច្រងាងច្រឡោងខាមច្រឡើសបើស ហារឡើងរកតែកាប់ចាក់ ប្រើកម្លាំងបាយជាមួយនឹងប្រជានុរាស្ត្រទន់ខ្សោយ ។ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ជាតំណាងប្រជាជាតិមួយទាំងមូល ។ ប្រសិនបើអ្នកតំណាងប្រទេសជាតិទាំងនេះ មានកាយវាចារចិត្តមិនល្អសមរម្យនោះ គឺប្រទេសជាតិ និងប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយស ត្រូវគេមើលងាយ និងទទួលនូវផលវិបាក រងគ្រោះថ្នាក់គ្រប់ប្រភេទបែបយ៉ាង ។

៦ តបៈ

ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ តាមកាលកំណត់ ត្រូវតែចូលកាន់ឧបោសថសីលដើម្បីដុសខាត់ អប់រំចិត្តអារម្មណ៍ មនោសញ្ចេតនា ឲ្យភ្លឺស្វាងជៀសវាងអវិជ្ជា ដែលជាប្រភពនៃក្ដីវិនាស ។ ការចូលកាន់ឧបោសថសីល អាចចាត់ទុកជាការដកឃ្លាមួយរយៈ ពីភាពជាប់ជំពាក់ជំពឹនក្នុងបញ្ហាបច្ចុប្បន្ន ដើម្បីយកពេលយកឱកាស សម្រាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាព និងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត ។ អាកប្បកិរិយា និងកាយវិការរបៀបនេះ អាចនាំឲ្យអ្នកដឹកនាំ ឬអ្នកនយោបាយ មានពេលវេលានឹងរកផ្លូវល្អឃើញ ហើយគេអាចផ្លាស់ប្ដូរ លុបលាងកែកំហុសអាក្រក់មិនល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តផងដែរ ។

៧ អក្កោធនៈ

ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ មិនត្រូវដើរឆ្កិះឆ្កៀល រុកគួន ដុតរោល បំបែកបំបាក់អ្នកដទៃ ឲ្យកើតមានកំហឹង ដើម្បីគ្រប់គ្រង តាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះនោះទេ ។ ការបង្កបង្កើតឲ្យមានរឿងសៅហ្មង ឲ្យមានការក្ដៅក្រហល់ក្រហាយដូច្នេះ បណ្ដាលធ្វើឲ្យបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុង ហើយអាចក្លាយទៅជាចលាចលប្របូកច្របល់ និងជាសង្គ្រាមបង្ហូរឈាម ។ អ្នកដឹកនាំជាតិត្រូវតែចេះរម្ងាប់ចិត្ត មិនឲ្យមានកំហឹង គំនុំ និងមានការសងសឹក ឆេះឆាប ដក់គុំក្នុងខ្លួនឡើយ ។ ការកសាងប្រទេសជាតិ មិនមែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គី បង្កើតឲ្យមានជម្លោះ ឈ្លោះមើលមុខគ្នាមិនត្រង់នោះឡើយ ។

៨ អវិហឹសា

គឺព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ មិនត្រូវយកហិង្សា ឬកម្លាំងបាយ កម្លាំងអាវុធ មកធ្វើជាត្រីមុខទេ ក្នុងការត្រិះរិះគិតពិចារណា និងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ ។ បើយើងគ្មានគំនិតអាក្រក់ មិនប្រើកម្លាំងអាវុធ មិនបៀតបៀនគេ គេក៏មិនបៀតបៀនមកលើយើងដែរ ។ គោលការណ៍ធំ ត្រូវស្ថិតនៅលើទស្សនៈសន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ ។ ទស្សនៈសន្តិភាព ត្រូវស្ថិតនៅជាមូលដ្ឋាន ជាគោលដៅធំចម្បងដែលព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិ ត្រូវតែនាំគ្នាខំដើរស្វែងទៅរក ឈោងហក់ចាប់ឱបក្រសោប យកមកឲ្យបានជាចាំបាច់ ។ ពីព្រោះ ប្រទេសជាតិនីមួយៗត្រូវការសន្តិភាព ដើម្បីកសាង ដើរឆ្ពោះទៅរកអ្វីដែលជាការអភិវឌ្ឍន៍ ជាការរីកចម្រើនលូតលាស់ និងជីវភាពរុងរឿង រស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត ។

៩ ខន្តី

ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ត្រូវតែមានចិត្តអំណត់អត់ធន់ ហើយមិនលោតទៅតាមកម្លាំងខ្យល់ព្រឹត្តិការណ៍ ដែលបោកបក់នោះទេ ។ ការស្ទុះហក់លោតទាំងកម្រោលទៅតាមភ្លើងកំហឹងទៅតាមចំណង់ចិត្តមានៈ ទៅតាមការលោភលន់ រំជើបរំជួលត្រេកត្រអាល អាចនាំមកនូវការវិនាសអន្តរាយ នូវផលអាក្រក់ ដែលគេពុំអាចប៉ាន់ស្មានបាន ដល់ការត្រិះរិះពិចារណារកយល់ហេតុផល ការរៀបចំ និងអនុវត្តគោលដៅ គម្រោងផែនការណ៍ផ្សេងៗ ជាអត្ថប្រយោជន៍ សម្រាប់ប្រទេសជាតិ ។ ការប្រកាន់ចិត្តនឹងនមិនឆេវឆាវ ព្យាយាម សំភីអំណត់ អាចណែនាំឲ្យយើងចេះរងចាំពេលវេលាឱកាសល្អ ដើម្បីអនុវត្តគោលការណ៍ឲ្យបានសម្រេច ។ ការប្រកាន់ខន្តី អត់ធ្មត់ សង្កត់ចិត្ត និងព្យាយាម ជាគុណសម្បត្តិមួយយ៉ាងធំសំខាន់ណាស់របស់អ្នកដឹកនាំ ឬអ្នកនយោបាយ ក្នុងការគិតគូរ ដោះស្រាយ គ្រប់គ្រងបម្រើប្រទេសជាតិ ។

១០ អវិរោធនៈ

ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ត្រូវតែគោរពច្បាប់ជាធរមាន ។ គេត្រូវតែដាក់ច្បាប់ជាធំឲ្យខ្ពស់ផុតពីលើបុគ្គល ។ គេត្រូវទុកដាក់ច្បាប់ វិន័យធម៌ជាមូលដ្ឋាន និងជាគ្រឹះរបស់ជាតិសម្រាប់រៀបចំស្ថាប័ន ឲ្យកើតមានជានីតិរដ្ឋ ។ គេត្រូវធ្វើដូចម្ដេច ឲ្យច្បាប់ ធម្មវិន័យក្រិត្យក្រម ក្លាយទៅជារបង សម្រាប់ការពារធានារ៉ាប់រងសុខសន្តិភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយ ។ ជាដាច់ខាត គេមិនត្រូវរំលោភ បំពារបំពាន ដើរជាន់ឈ្លីលើច្បាប់ លើធម៌ លើវិន័យក្រិត្យក្រម ដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ ។ ទោះស្ដេច ទោះនាម៉ឺនមន្ត្រី ទោះសេដ្ឋីគហបតី និងក្រុមគ្រួសារ ក៏ត្រូវតែទទួលទោសដែរ នៅចំពោះមុខច្បាប់ ។ ប្រសិនបើក្សត្រនោះ អ្នកដឹកនាំជាតិនោះ មិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មី តម្រង់សម្រាប់បម្រើអំណាច និងផលប្រយោជន៍របស់ខ្លួន ពេលនោះប្រទេសជាតិនឹងជួបប្រទះនូវភាពអនាធិបតេយ្យ រំជើបរំជួល ចលាចល អសន្តិសុខ អន្តរាយ ហើយប្រជារាស្ត្រនឹងរងទុក្ខវេទនា ព្រាត់ប្រាស បែកបាក់ក្រុមគ្រួសារញាតិសន្ដានជាមិនខាន ។

គឺបានសេចក្ដីថា នគរណាដែលគ្មានច្បាប់ គ្មានធម៌ គ្មានសីល គ្មានវិន័យក្រិត្យក្រម នគរនោះមិនអាចនឹងចម្រើនរុងរឿង រស់ក្នុងសុខសន្តិភាពបានឡើយ ។ នគរនោះនឹងត្រូវរលេះរលួយ ទ្រុឌទ្រោមចុះឱនថយ ខ្សោយដើរថយក្រោយ ចាញ់គេជាលំដាប់ ។ ចំណែកព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិទាំងនោះវិញ ក៏រត់មិនរួចពីប្រជានុរាស្ត្រផ្ដន្ទាកាត់ទោសដែរ ។



រួមសេចក្ដីមក ទសពិធរាជធម៌ ឬ ធម៌ ឬ ច្បាប់ទាំង១០ប្រការ សម្រាប់គ្រប់គ្រងដឹកនាំកសាងប្រទេសជាតិ និងទំនុកបម្រុងប្រជានុរាស្ត្រ ឲ្យស្គាល់តែសេចក្ដីសុខសប្បាយចម្រុងចម្រើន គ្មានអ្វីជាអាថ៌កំបាំងដែលខ្មែរគ្រប់រូបមិនធ្លាប់ស្គាល់នោះឡើយ ។ ខ្មែរធ្លាប់ឮសូរពាក្យពេជន៍នេះជាញឹកញាប់ណាស់ តែខ្មែរមិនសូវមានការចាប់អារម្មណ៍ យកចិត្តទុកដាក់ យកមកត្រិះរិះពិចារណា ។ ទស្សនៈនយោបាយ ទសពិធរាជធម៌ ជាទស្សនៈមួយ ដែលដកស្រង់យកចេញមកអំពីទ្រឹស្ដីក្នុងព្រះពុទ្ធសាសនាទាំងស្រុង ។ ទស្សនៈនយោបាយទសពិធរាជធម៌ អាចជាជំនួយយ៉ាងសំខាន់មួយក្នុងការពិនិត្យឆ្លុះមើល និងធ្វើការសិក្សាប្រៀបធៀបរកយល់ក្នុងវិស័យនយោបាយ និងប្រវត្តិសាស្ត្រខ្មែរ ៕

អត្ថបទពាក់ព័ន្ធៈ ព្រហ្មវិហារធម៌ និងទសពិធរាជធម៌

No comments:

Post a Comment